top of page

រឿង៖ របួសទី៣ - The Third Wound ភាគ២

Updated: Jan 20

ចង់មានចិត្តគំនិតថ្មីក្នុងរដូវកាលថ្មី! គឺ...គឺចង់ជាមុខរបួស ដើម្បីទទួលបានចិត្តថ្មីមួយដែលគ្មានការឈឺចាប់ដូចមុន។ នេះជាអ្វីដែលគ្នាចង់បានបំផុត។ ប្រសិនបើចិត្តនេះជាសះមុខរបួសហើយ នោះអ្វីៗនឹងល្អប្រសើរ
ចង់មានចិត្តគំនិតថ្មីក្នុងរដូវកាលថ្មី! គឺ...គឺចង់ជាមុខរបួស ដើម្បីទទួលបានចិត្តថ្មីមួយដែលគ្មានការឈឺចាប់ដូចមុន។ នេះជាអ្វីដែលគ្នាចង់បានបំផុត។ ប្រសិនបើចិត្តនេះជាសះមុខរបួសហើយ នោះអ្វីៗនឹងល្អប្រសើរ

ពេលព្រឹកឡើង នាពេលព្រលឹមស្រាងៗ មេឃចុះអ័ព្ទបែកផ្សែង ធ្វើឱ្យស្មៅជុំវិញផ្ទះមានព្រិលតិចៗកកនៅលើនោះ ដូចជាអំបិលម៉ដ្ឋរោយនៅលើស្មៅ និងធ្វើឱ្យស្រអាប់កញ្ចក់បង្អួចផងដែរ។ ប្រសិនបើមើលពីខាងក្រៅទៅ ឃើញថាជេស៊ីការធ្វើនេះធ្វើនោះយ៉ាងរវើកនៅឯផ្ទះបាយ។ ច្បាស់ណាស់ នាងកំពុងរៀបចំអាហារពេលព្រឹកសម្រាប់និរតី។ នាងរៀបចំយ៉ាងស្អាតដាក់នៅលើតុអាហារ ដើម្បីត្រៀមញ៉ាំទាំងអស់គ្នា។

និរតីដើរចេញពីបន្ទប់មក ធុំក្លិនឈ្ងុយៗ ព្រមទាំងឮសំឡេងគ្រូកគ្រាក់ៗ នាងក៏ដើរសំដៅទៅផ្ទះបាយក្នុងដំណើរមួយៗ។ និរតីដើរ     បណ្តើរយកដៃជ្រោងសក់បណ្តើរ ដោយរលាស់ចេញជាផ្នត់ធំៗ។     ខណៈពេលនោះ ជេស៊ីកាងាកមកក្រោយ ក៏ឃើញនិរតីមកដល់     ល្មម។

-អ្ហា...មកដល់ហើយហ្អេស? អរុណសួស្តីសម្លាញ់!

-អរុណសួស្តីសម្លាញ់!

និរតីក្រឡេកមើលនៅលើតុ ឃើញអាហារពេលព្រឹករៀបចំរៀបរយដូច្នេះ នាងក៏និយាយថា៖

-អនាគតប្រពន្ធរបស់អ្នកណាទៅហ្ន៎    ពូកែធ្វើម្ហូបម្ល៉េះទេ!

ជេស៊ីកាតប៖

-មិនសូវប៉ិនប៉ុន្មានទេ! គ្រាន់តែចង់ធ្វើឱ្យមិត្តសម្លាញ់របស់ខ្ញុំញ៉ាំប៉ុណ្ណោះ ឬអាចនិយាយម្យ៉ាងទៀតបានថា ចង់យកពេលនេះទទួលស្វាគមន៍មិត្តខ្ញុំដែលមកពីប្រទេសខ្មែរឱ្យទទួលបានអារម្មណ៍ថា ខ្លួនកំពុងនៅប្រទេសខ្មែរដែរ ដើម្បីកុំឱ្យនឹកនាម្ហូបនៅទីនោះ!

និរតីញញឹម ហើយដកដង្ហើមធំ ដោយនឹកស្មានមិនដល់។

-ហ៊ឹម.... ពិតជាយល់ចិត្តណាស់ មានអារម្មណ៍ថាវិស្សមកាលនេះពិតជាពិសេសមែនទែន! អរគុណសម្លាញ់!

ជេស៊ីកាឆ្លើយតបវិញ៖

-អ៊ីចឹងចាំអីទៀត តស់ញ៉ាំតែម្តងទៅ! នេះបាយស្រូបដែលឯងចូលចិត្ត!

និរតីភ្ងាក់ផ្អើល ដោយនិយាយថា៖

-អ្ហោ! ឃើញបាយស្រូបនេះហើយ នឹកឃើញពួកយើងកាលនៅរៀនវិទ្យាល័យ ពួកយើងចូលចិត្តញ៉ាំណាស់!

ជេស៊ីកាតប៖

-អឺ អ៊ីចឹងភ្លក្សទៅមើល៍! ដូចរសជាតិដើមទេ?

និរតីភ្លក្សមួយម៉ាត់ ស្រាប់តែលាន់មាត់ថា៖

-ហ៊ឹៈ...ពិតជាឆ្ងាញ់ណាស់! ឯងពូកែប្រឡាក់សាច់​ និងធ្វើជ្រក់មែន...មានអារម្មណ៍ថា ពួកយើងកំពុងអង្គុយញ៉ំាបាយស្រូបនៅមុខវិទ្យាល័យអ៊ីចឹង! គ្រាន់តែញ៉ាំបាយស្រូបនេះសោះ ទាញពួកយើងចូលក្នុងអតីតកាលមួយរំពេច។

ជេស៊ីកាញញឹម ហើយនិយាយថា៖

-នឹកឃើញអនុស្សាវរីយ៍ល្អៗក្នុងអតីតកាលមិនថ្វីទេ តែកុំទាញខ្លួនឯងហួសពីញ៉ាំបាយស្រូប ហួសទៅនឹកឃើញរឿងអ្វីផ្សេងទៀត ក្រែងលោរើមុខរបួស!

ឮដូច្នោះ និរតីប៉ប្រិចភ្នែកម៉ក់ៗ នាងស្ងាត់មាត់បន្តិច។ ឃើញសភាពដូច្នោះ ជេស៊ីកាបង្វែរស្ថានការណ៍ភ្លាម។

-គឺ...គ្នាគ្រាន់តែពញ្ញាក់អារម្មណ៍លេងប៉ុណ្ណោះ! ម៏ញ៉ាំបន្តទៀត អាងធ្វើអ្វីផ្សេងទៀត!

និរតីតប៖

-អូខេ!

ក្រោយពីញ៉ំាអាហារពេលព្រឹករួចហើយ អ្នកទាំងពីរនាំគ្នាចេញទៅក្រៅផ្ទះ ដោយកាន់កែវកាហ្វេម្នាក់មួយ។ និរតីហើយ និងជេស៊ីកាស្លៀកពាក់ខោអាវរងា ព្រមទាំងកាន់សៀវភៅប៊ិកម្នាក់មួយផងដែរ។

គ្រាន់តែចេញមកក្រៅភ្លាម និរតីបិទភ្នែក ហើយស្រូបយកខ្យល់អាកាសនាពេលព្រលឹម ជាមួយនឹងទេសភាពដ៏ស្រស់ស្អាតនៅខាងក្រោយផ្ទះ។ ដោយរដូវកាលនេះ គឺជារដូវរងា ដូច្នេះហើយដើមឈើបានជ្រុះស្លឹកអស់ ដើមឈើខ្លះទៀតនៅមានស្លឹកខ្លះៗ ហើយប្រែពណ៌ទៅជាលឿងនិងក្រហមក៏មាន នៅក្នុងរដ្ឋNashville។

អ្នកទាំងពីរអង្គុយចុះនៅលើសាឡុងនៅខាងក្រោយផ្ទះ អមទៅដោយទេសភាពយ៉ាងស្រស់ស្អាត។ និរតីដកដង្ហើមវែងៗ ហើយនិយាយថា៖

-ហ៊ឹម... ស្រស់ស្រាយណាស់ ភ្លេចអស់ទុក្ខកង្វល់!

ជេស៊ីកាញញឹម។  ចំណែកឯនិរតីលើកកែវកាហ្វេមកផឹក ខណៈពេលកាហ្វេកំពុងតែក្តៅហុយៗ។

-កក់ក្តៅដល់ហើយ...

ទន្ទឹមគ្នានោះ ជេស៊ីកាបើកសៀវភៅឮសូរខ្វោកៗ និងមើលដោយយកចិត្តទុកដាក់។

-និរតី! មួយឆ្នាំជិតកន្លងផុតទៅហើយ...ខែនេះជាខែចុងក្រោយហើយ​ សល់តែប៉ុន្មានថ្ងៃទៀត ចូលដល់ឆ្នាំថ្មីហើយ អ៊ីចឹងឯងទទួលបានលទ្ធផលអ្វីខ្លះក្នុងឆ្នាំនេះ?

និរតីជញ្ជឹងគិតបន្តិច ហើយឆ្លើយតប៖

-មានផលផ្លែខ្លះ ខកចិត្តខ្លះ សប្បាយខ្លះ កើតទុក្ខខ្លះ ក្នុងឆ្នាំនេះមានគ្រប់រសជាតិ។

-ទោះជាយ៉ាងណាគួរតែដឹងគុណក្នុងឆ្នាំនេះ យ៉ាងហោចណាស់ឯងទទួលបានផលផ្លែខ្លះដែរ!

និរតីបើកសៀវភៅកំណត់ហេតុរបស់នាងមើលម្តង ដែលនាងបានសរសេរផែនការតាំងពីដើមឆ្នាំមកម្ល៉េះ ដើម្បីផ្ទៀងផ្ទាត់ជាមួយលទ្ធផល។ និរតីញញឹម ព្រមទាំងងក់ក្បាលតិចៗខណៈពេលមើលសៀវភៅ ហាក់ដូចជាពេញចិត្តនឹងលទ្ធផលរបស់នាង។

-គ្នាពិតជាអរគុណព្រះជាម្ចាស់សម្រាប់ឆ្នាំនេះ ដែលបានបង្រៀនមេរៀនជីវិតជាច្រើន។ កិច្ចការខ្លះត្រូវបានបរាជ័យ កិច្ចការខ្លះទៀតកំពុងតែដាំ​ គឺដាំបានច្រើនផ្នែកដែរ តែមិនទាន់ចេញជាផលផ្លែនៅឡើយ សង្ឃឹមថាឆ្នាំថ្មីនេះ វានឹងបង្កើតផលផ្លែទៅចុះ!

ជេស៊ីកាបិទសៀវភៅរបស់នាង ហើយបែរមុខមករកនិរតីដោយនិយាយថា៖

-គ្នាជឿ! ព្រោះបើថាសាបព្រោះអ្វី នឹងទទួលបានផលហ្នឹង! អ្វីដែលឯងដាំនៅក្នុងឆ្នាំចាស់ វាអាចនឹងដុះនៅក្នុងពេលណាមួយ តែមិនប្រាកដថា នឹងមានផ្លែផ្កាក្នុងឆ្នាំថ្មីនេះទេ ប្រហែលជាវាមានផ្លែផ្កាក្នុងពេលណាមួយដែលត្រូវកើតផល គ្រាន់តែត្រៀមខ្លួនប្រមូលផលទៅបានហើយ។

និរតីដកដង្ហើមធំ ឮសូរហឹះ! ពេលនោះជេស៊ីកាងាកមុខមកមើលនិរតីម្តងទៀត ហើយនិយាយថា៖

-ដកដង្ហើមធំម្ល៉េះ! ឯងមានរឿងអីហ្អេស?

និរតីតបទាំងទឹកមុខស្រពោន

-គ្នាគ្រាន់តែមានអារម្មណ៍ថាទៅមុខទាំងតឹង

-អ៊ីចឹង! ចុះឆ្នាំថ្មីនេះ ឯងមានគម្រោងចង់ធ្វើអ្វីដែរ? ចង់ឃើញអ្វីនៅក្នុងឆ្នាំក្រោយនេះ?

និរតីឆ្លើយដោយគ្មានភាពស្ទាក់ស្ទើរ

-ចង់មានចិត្តគំនិតថ្មីក្នុងរដូវកាលថ្មី!​ គឺ...គឺចង់ជាមុខរបួស ដើម្បីទទួលបានចិត្តថ្មីមួយដែលគ្មានការឈឺចាប់ដូចមុន។ នេះជាអ្វីដែលគ្នាចង់បានបំផុត។ ប្រសិនបើចិត្តនេះជាសះមុខរបួសហើយ នោះអ្វីៗនឹងល្អប្រសើរ ដោយដើរទៅមុខមិនតានតឹងដូចមុនទៀត តែបើចិត្តនេះមិនទាន់ជាទេ នោះប្រាកដជាប្រទាញប្រទង់ដើរទៅមុខទាំងតឹង និងអស់កម្លាំងចិត្តមិនចង់ធ្វើអ្វីទាំងអស់!

ឮដូច្នេះ ជេស៊ីការឹតតែយកចិត្តទុកដាក់នឹងនិរតីថែមទៀត។

-ការដែលឯងមកលេងទីនេះ គ្នាពិតជាចង់រួមចំណែកសម្រាលចិត្តមានបន្ទុកខ្លះៗ អ៊ីចឹងតើមានអ្វីដែលគ្នាអាចជួយឯងបាន?

និរតីអស់សំណើចខឹកៗ

-អរគុណណាស់សម្រាប់ទឹកចិត្តដ៏ល្អ តែគ្នាចង់ប្រាប់ថា ការដែលគ្នាបានមកស្នាក់នៅផ្ទះរបស់ឯងក្នុងពេលនេះ គឺវាលើសលប់បាត់ទៅហើយ...មានអារម្មណ៍ថាកក់ក្ដៅខ្លាំង!

-អូហូ...ដល់ម្ល៉ឹងផង!

-គ្នានិយាយពិតមែនណ៎ា...

-អូខេ! អូខេ!

អ្នកទាំងពីរនាំគ្នាស្ងាត់បន្តិច ដោយម្នាក់ផឹកកាហ្វេមើលទេសភាព ម្នាក់ឯងមើលសៀវភៅកំណត់ហេតុបន្ត។

 
 
 

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
bottom of page