top of page

រឿង៖ របួសទី៣ - The Third Wound ភាគ៣

Updated: Jan 20


គ្នាទទួលស្គាល់ដូច្នោះដែរ! គឺមិនខុសពីជីវិតមនុស្សនោះទេ មនុស្សយើងក៏មានរដូវកាលដែរ។ មានពេលយំមានពេលសើច មានពេលសោយសោកមានពេលសប្បាយ មានពេលចួបមានពេលបែក!
គ្នាទទួលស្គាល់ដូច្នោះដែរ! គឺមិនខុសពីជីវិតមនុស្សនោះទេ មនុស្សយើងក៏មានរដូវកាលដែរ។ មានពេលយំមានពេលសើច មានពេលសោយសោកមានពេលសប្បាយ មានពេលចួបមានពេលបែក!

ថ្ងៃទី២៥ ខែ១២បានមកដល់។ ព្រឹកនេះ និរតីនិងជេស៊ីកា រៀបចំអាហារពេលព្រឹកជុំគ្នា។ ដោយនិរតីជាអ្នកឆុងកាហ្វេ ហើយជេស៊ីកាជាអ្នកធ្វើម្ហូប។ អ្នកទាំងពីរធ្វើបណ្ដើរ ស្តាប់ចម្រៀងអាល់ប៊ុម Christmas បណ្តើរ ពីរោះយ៉ាងរងំ អមទៅដោយការតុបតែងនៅក្នុងផ្ទះតាមបរិបទរដូវកាលណូអែល ធ្វើឱ្យបរិយាកាសក្នុងផ្ទះពោរពេញទៅដោយមនោសញ្ចេតនានៃរដូវកាលណូអែល និងជិតដល់ឆ្នាំថ្មី។

លើកនេះ ជេស៊ីកាចម្អិនអាហារតាមបែបជនជាតិអាមេរិកម្តង ដោយតុបតែងយ៉ាងស្អាតនៅលើចានគួរឱ្យចង់ញ៉ំា។ ចំណែកឯនិរតីវិញ​ នាងឆុងកាហ្វេដោយរចនាដើម Christmas នៅលើកាហ្វេជាមួយនឹងទឹកដោះគោស្ទីម។ បន្ទាប់មក អ្នកទាំងពីរអង្គុយញ៉ំាអាហារពេលព្រឹកជុំគ្នាដោយភាពរីករាយ។

ក្រោយពីញ៉ំារួចហើយ អ្នកទាំងពីរបានកាន់កែវកាហ្វេ​ម្នាក់មួយទៅអង្គុយនៅលើសាឡុងបែរមុខទៅកម្ដៅភ្លើងនៅក្នុងផ្ទះ ដែលនៅជិតដើមChristmasមានភ្លើងពណ៌លោតភ្លឹបភ្លែតៗ ព្រមទាំងមានការដូជាច្រើន មានពណ៌មាស ប្រាក់ និងក្រហមនៅក្រោមនោះផងដែរ  ស្របពេលព្រិលកំពុងតែធ្លាក់មកប្រុយៗ។

ខណៈពេលនោះជេស៊ីកានិយាយទៅកាន់និរតីថា៖

-គ្នាមានអារម្មណ៍ថា ខ្លួនឯងកំពុងលង់អារម្មណ៍ក្នុងបរិយាកាសណូអែលហើយ​​​​​​...

-យើងក៏ដូចគ្នាដែរ!

-នែ៎...ឯងចំណាប់អារម្មណ៍ដូចគ្នាអត់? ប្រសិនបើយើងស្ថិតនៅក្នុងរដូវកាល ឬពេលវេលាណាមួយ មានអារម្មណ៍ថាអ្វីៗជុំវិញខ្លួនហ៊ុមព័ទ្ធទៅដោយបរិយាកាសបែបនោះដែរ។ ដូចពេលនេះស្រាប់      រដូវកាលណូអែលនិងជិតដល់ឆ្នាំថ្មី នៅជុំវិញខ្លួនមានបរិយាកាស       ណូអែលនិងធុំប្រហើរនៃក្លិនឆ្នាំថ្មីជិតមកដល់ ធ្វើឱ្យចិត្តនេះរំភើបៗនឹងរដូវកាលនេះដល់ហើយ...

និរតីតប៖

-គ្នាទទួលស្គាល់ដូច្នោះដែរ! គឺមិនខុសពីជីវិតមនុស្សនោះទេ មនុស្សយើងក៏មានរដូវកាលដែរ។ មានពេលយំមានពេលសើច មានពេលសោយសោកមានពេលសប្បាយ មានពេលចួបមានពេលបែក!

ឮដូច្នេះ ជេស៊ីកាមើលមុខនិរតីដោយផ្ចង់ចិត្ត។

-ឯងអត់អីណាហ្អី?

និរតីសម្លឹងទៅមើលព្រិលដែលកំពុងតែធ្លាក់មកប្រុយៗ ទាំងភ្លឹកអារម្មណ៍។ បន្តិចក្រោយមក នាងក៏ឆ្លើយតបទៅវិញដោយសំឡេងខ្សោយៗ។

-គ្នាពិតជាស្អប់ការបែកបាក់ណាស់ ព្រោះវាធ្វើឱ្យមានរបួសផ្លូវចិត្តមិនថាបែក​បាក់ទំនាក់ទំនងស្នេហា ឬមិត្តភាព វាពិតជាឈឺខ្លាំង!

ជេស៊ីកាដាក់កែវកាហ្វេចុះនៅលើតុ ហើយនិយាយទៅកាន់និរតីវិញ។

-ពិតមែន! ឯងនិយាយមិនខុសទេ មានពេលសោយសោក មានពេលសប្បាយ។ មុននេះឯងមានស្នាមញញឹម តែឥឡូវនេះប្រែជាស្រពោនទៅវិញ ឱ្យតែនិយាយដល់រឿងរបួសផ្លូវចិត្ត។

-គ្នាចង់ចាកចេញពីភាពឈឺចាប់មួយនេះណាស់!

ជេស៊ីការនិយាយបន្ទាន់ពីក្រោយនិរតីថា៖

-តែមុននឹងចាក់ចេញ ឯងអាចនាំគ្នាចូលទៅក្នុងភាពឈឺចាប់នោះបន្តិចបានទេ ថាវាមានលក្ខណៈដូចម្តេចវិញ?

និរតីញញឹម ហើយឆ្លើយតបថា៖

-ឯងពិតជាចង់ស្គាល់អារម្មណ៍នៃការឈឺចាប់នោះដែរឬ?

ជេស៊ីកាងក់ក្បាលទាំងញញឹម ហើយធ្វើសញ្ញាដៃឱ្យមកនិយាយមក។ នាងច្រត់ចង្កាចាំស្ដាប់និរតី។

វិលទៅ៣ឆ្នាំមុន ថ្ងៃនេះក្នុង៣ឆ្នាំមុន ខ្ញុំទទួលបានកាដូដ៏ឈឺចាប់មួយនៃការបែកបាក់។ ពួកយើងអង្គុយទល់មុខគ្នា ដែលជាតុចរចារកដំណោះស្រាយជាលើកចុងក្រោយ។ នៅក្នុងស្ថានភាពនេះ ម្នាក់ៗពិតជាតានតឹងក្នុងជជែកគ្នាមែនទែន មិនខុសពីតុចរចាស្វែងរកសន្តិភាពរវាងប្រទេសនិងប្រទេសនោះទេ។

លោកផានុតបាននិយាយមកកាន់ខ្ញុំថា៖

«និរតី! អាចរង់ចាំខ្ញុំបន្តិចបានទេ?»

ខ្ញុំក៏បាននិយាយទៅកាន់គាត់វិញថា៖

«ផានុត! ហត់ទេ? ពិបាកខ្លាំងទេ?»

ពេលនោះ ផានុតដកដង្ហើមធំ ហើយមើលមុខខ្ញុំយ៉ាងចំ។ ក្នុងសភាពនេះ ខ្ញុំអាចអានចិត្តគាត់ដាច់ខ្លះៗ។ ខ្ញុំក៏និយាយទៅកាន់គាត់ទៀតថា៖

«បើហត់ហើយសម្រាកចុះ!»

ផានុតតបមកខ្ញុំវិញភ្លាមៗ

«និរតីចង់មានន័យថាម៉េច?»

រំពេចនោះ ខ្ញុំធ្វើការសម្រេចិចត្តភ្លាមៗដោយឥតស្ទាក់ស្ទើរ

«យើងបែកគ្នាទៅ!»

ផានុតរក្សាភាពស្ងៀមស្ងាត់បន្តិច។ ចំណែកឯខ្ញុំក៏បន្តនិយយាយទៅគាត់ទៀតថា៖

«គ្មានស្នេហាឯណាគ្មានឧបសគ្គនោះទេ តែស្នេហានេះពិតជានឿយហត់ខុសពីធម្មតា គឺពិតជាហត់ណាស់!  ពីមួយពេលទៅមួយពេលរឹតតែតានតឹងទៅៗ គ្មានសន្តិភាពនិងសុខសុវត្ថិភាពនៅក្នុងចិត្តទាល់តែសោះ!»

ផានុតតបវិញថា៖

«បើសម្រេចដូច្នោះ ក៏តាមហ្នឹងចុះ! ខ្ញុំក៏គ្មានកម្លាំងចិត្តបន្តទៅមុខទៀតដែរ»

ឮពាក្យនេះហើយ រឹតតែធ្វើឱ្យខ្ញុំឈឺជាងនិយាយពាក្យថាបែកទៅទៀត ក៏ព្រោះតែឃើញគេព្រមបោះបង់ស្នេហានេះដែរ។ ខ្ញុំខំប្រឹងទប់ទឹកភ្នែកកុំឱ្យស្រក់ ដើម្បីរក្សាភាពរឹងមាំនៅចំពោះមុខគេ ប៉ុន្តែនៅក្នុងចិត្តវិញបានខ្ទេចខ្ទាំអស់ហើយ។

ខ្ញុំព្យាយាមតបទៅគេវិញក្នុងសភាពធម្មតាថា៖

«អ៊ីចឹងថ្ងៃនេះ ពួកយើងជជែកគ្នារកដំណោះស្រាយពុំឃើញទេ តែពួកយើងរកឃើញផ្លូវបំបែក ម្នាក់ទៅឆ្វេងម្នាក់ទៅស្តាំ តែក៏ល្អដែរយើងរកឃើញ​ចម្លើយរួមមួយ គឺបែកគ្នា! បើពួកយើងស្ទើរនៅស្ទើរទៅ នោះរឹតតែធ្វើឱ្យពួកយើងនឿយហត់ និងឈឺចាប់ជាងនេះទៅទៀត ដ្បិតសេ្នហាយើងនេះមានតែឈ្មោះ តែទង្វើវិញសោះអង្គើយ»

ចាប់តាំងពីពេលនោះមក ពួកយើងបែកគ្នាដោយសន្តិវិធី! ប៉ុន្តែចិត្តនេះគ្មានសន្តិវិធី និងគ្មានសន្តិភាពទាល់តែសោះ មានតែការឈឺចាប់រ៉ាំរ៉ៃ ខណៈពេលរូបគេមានកំពុងតែអ្នកថ្មី។ នេះហើយជារបួសទី៣។

និរតីងាកមកមើលជេស៊ីកាឃើញនាងស្តាប់ភ្លឹកដូច្នោះ ក៏អង្រួនដៃនាងតិចៗដោយនិយាយថា៖

-ជេស៊ីកា! ចេញពីសាច់រឿងនោះចូលមកក្នុងបច្ចុប្បន្នវិញ!

ជេស៊ីការអស់សំណើច ហើយអង្អែលស្មានិរតីវិញ។

-តែគ្នាចង់ប្រាប់ឯងថា និរតីត្រូវចាកចេញពីអតីតកាល មករស់នៅក្នុងបច្ចុប្បន្នកាលវិញ! រឿងកន្លងមក វាបានចប់សព្វគ្រប់អស់ទៅហើយសម្លាញ់ កុំនៅរ៉ាំរ៉ៃទៀតអី!

និរតីមានទឹកមុខស្រពោន ហើយតបថា៖

-ជេស៊ីកា! គ្នាមិនចង់នៅរ៉ាំរ៉ៃទេ តែចិត្តនៅស្រឡាញ់គេ ដូចមាននិស្ស័យខ្លាំង។ សាកស្រមៃជាមួយគ្នាបន្តិចមើល៍! នៅខាងលើជិតត្រចៀកឆ្វេងមានបិសាចគំនិតមកខ្សឹបប្រាប់ថា ខ្ញុំមិនអាចចាកចេញពីការនឹករឭកគេបានឡើយ ព្រោះគេជាមនុស្សល្អ ហើយបិសាចនោះតែងតែរម្លឹកអតីតកាលនៃសេ្នហាចាស់ទៀតផង។ ពេលខ្លះបិសាចនោះខ្សឹបប្រាប់ខ្ញុំទៀតថា ខ្ញុំជាមនុស្សគ្មានតម្លៃទេ ទើបបានជាគេមិននៅស្រឡាញ់ខ្ញុំទៀត។ ចំណែកឯងនៅខាងលើជិតត្រចៀកខាងស្តាំវិញទេវតានៃព្រះបានខ្សឹបប្រាប់ខ្ញុំថា និរតីជាមនុស្សមានតម្លៃ! មានបុរសដ៏ល្អនិងត្រឹមត្រូវម្នាក់កំពុងរង់ចាំនិរតី គ្រាន់តែទទួលស្គាល់ការពិតថា គ្រប់យ៉ាងបានចប់សព្វគ្រប់អស់ហើយ លែងរឿងរ៉ាវនេះឱ្យវាទៅចុះ! អត់ទោសឱ្យគេនិងខ្លួនឯងចុះ! កុំសោកស្តាយអ្វីទៀតឡើយ។ សំឡេងទាំងពីរនេះ ធ្វើឱ្យគ្នាច្របូកច្របល់នៅក្នុងចិត្តយ៉ាងខ្លាំង។

មិនបង្អង់យូរជេស៊ីកាក៏តបវិញថា៖     

-អ្ហា...ការពិតគឺដូច្នេះទេតើ! យើងចាប់បានឫសគល់ដែលឯងត្រូវនៅរ៉ាំរ៉ៃហើយ... គឺស្ថិតនៅត្រង់ចិត្តសោកស្តាយហ្នឹងតែម្តង ដោយស្តាប់តាមសំឡេងកុហក។

និរតីលួចញញឹម ហើយបែរមុខចេញ។ ភ្លាមនោះ ជេស៊ីកាក៏បន្តនិយាយទៀតថា៖

-ម៉េចដែរត្រូវសាច់រឿងហ្អេស? ងាកមុខមកវិញភ្លាម បញ្ឈរមុខនឹងការពិតទាំងអស់គ្នា!

និរតីខាំមាត់ទាំងញញឹមពព្រាយដាក់ជេស៊ីកា។ រីឯជេស៊ីកា ធ្វើជាសម្លក់និរតី។

-សួរដូចឆោត ចង់ជាមុខរបួសដែរទេ?

និរតីឆ្លើយ៖

-ពិតជាចង់ហើយ!

ជេស៊ីនិយាយយ៉ាងម៉ឺងម៉ាត់

-បើចង់ ចាំបាប់អីនៅឱបព្រួញនៃការឈឺចាប់នោះទៀត? ដកវាចេញទៅ!

-ដកយ៉ាងម៉េចវិញ?

-ទទួលការពិត ព្រោះការពិតនឹងរំដោះឯងឱ្យមានសេរីភាព! ផ្លាស់ប្តូរការគិតសាជាថ្មី! ការពិតនោះគឺឯងបានបែកគ្នាជាមួយគេរួចហើយ...ហើយគេនោះក៏មានថ្មីដែរ នេះគឺជាការពិត។​ ងាយៗ!

-ងាយៗ តែពិបាកធ្វើ!

ពេលនោះស្រាប់តែបាត់សំឡេងរបស់ជេស៊ីកាឈឹង។ ឃើញស្ងាត់បាត់សំឡេងដូច្នោះ និរតីក៏ងាកទៅមើលជេស៊ីកា ស្រាប់តែឃើញនាងកំពុងអង្គុយហិតប្រេងកូឡា ទាំងទឹកមុខហួសចិត្ត។ ឃើញបែបនេះហើយ និរតីអស់សំណើចនឹងជេស៊ីកា ព្រមទាំងនិយាយថា៖

-ដល់ថ្នាក់ហិតប្រេងកូឡាផង?

ជេស៊ីកាតបទាំងអស់អារម្មណ៍

-យើងចង់ខ្យល់ចាប់! និរតីអើយនិរតី! ឯងស្អាតក៏ស្អាត ឆ្លាតក៏ឆ្លាត! កន្លងមក​​ ​ឯងអាចដោះស្រាយបញ្ហាបានស្ទើរតែគ្រប់រឿង ម្តេចក៏មកឆោតក្នុងរឿងនេះ? ឯងយល់ឬក៏ធ្វើមិនយល់! សុំទោសគ្នានិយាយរាងខ្លាំងបន្តិចហើយ ព្រោះគ្រឺតពេក!

និរតីនៅតែអស់សំណើច តែនាងមិនតបតអ្វីនោះទេ។ ជេស៊ីការបន្តនិយាយទៀតថា៖

-ណ្ហើយ... ឯងពិចារណាដោយខ្លួនឯងចុះ! ៣ឆ្នាំមុនឯងទទួលបានកាដូនៃការឈឺចាប់ តែឆ្នាំនេះឯងនឹងទទួលបានកាដូសេរីភាព ប្រសិនបើឯងប្តូរចិត្តគំនិត។

នៅពេលនោះ ជេស៊ីការដើរចេញពីនិរតីធ្វើមិនដឹង។ និរតីឃើញនាងដើរចេញដូច្នេះ ក៏ស្រែកពីក្រោយថា៖

-ឯងធុញដល់ថ្នាក់ដើរចេញផងហ្អេស?

ជេស៊ីកាមិនតបអ្វីទេ។ និរតីមានទឹកមុខស្មើ ហើយក៏សម្លឹងមើលទេសភាពខាងក្រៅផ្ទះទាំងសញ្ជឹងគិត។ បន្តិចក្រោយមក ជេស៊ីការក៏ដើរមកវិញ ដោយដៃរបស់នាងកាន់កាដូពណ៌ទឹកមាស ដែលវេចខ្ចប់យ៉ាងស្អាតមកជាមួយផង។ នាងហុចកាដូនោះឱ្យនិរតី។

-ណេះកាដូ យើងឱ្យឯង! រីករាយថ្ងៃណូអែល និងរីករាយឆ្នាំថ្មី សម្លាញ់! សង្ឃឹមថាកាដូនេះនឹងរួមចំណែកធ្វើឱ្យឯងមានភាពស្រស់ស្រាយ និងមានសេរីភាពអារម្មណ៍បានខ្លះៗ។

និរតីភ្ញាក់ផ្អើល ហើយរំភើបដោយនិយាយថា៖

-ជាអ្វីទៅហ្ន៎?

ជេស៊ីកាតប៖

-បើកមើលទៅឃើញហើយ...

និរតីស្រាយបូកាដូបើកមើល ក៏ឃើញាមានគ្រឿងសម្អាងដែលជាផលិលផលល្អៗដែលនាងចូលចិត្តប្រើ។ នាងរើមើលម្តងមួយៗទាំងទឹកមុខ​រំភើប។

-អូយ... រំភើបណាស់! សុទ្ធតែជារបស់ដែលគ្នាចូលចិត្តទាំងអស់ អរគុណណាស់សម្លាញ់!

ជេស៊ីកាឈរក្រពាត់ដៃហើយនិយាយថា៖

-នៅទេ! មិនទាន់អស់ទេ! នៅមានមួយទៀតចុងក្រោយ រើមើលឱ្យអស់មើល៍!

និរតីក្រឡេកមើលមុខជេស៊ីកាភ្លាមៗទាំងទឹកមុខភ្ញាក់មួយតង់ទៀត។

-ថាម៉េច នៅមានទៀត?​ អ្ហា...ជាស្អីអ៊ីចេះ?

និរតីរើមើលនៅបាតកាដូ ស្រាប់តែឃើញសំបុត្រយន្តហោះមួយសន្លឹក។ ពេលនោះ និរតីនិយាយទាំងភ្ញាក់ផ្អើល ព្រមទាំងឆ្ងល់ផងដែរ។

-អីគេហ្នឹង?

ជេស៊ីកាដើរមកអង្គុយនៅលើសាឡុងវិញ ហើយតបថា៖

-ឯងមិនស្គាល់សំបុត្រយន្តហោះទេឬ?

និរតីតបទាំងឆ្ងល់៖

-គ្នាស្គាល់តើ! តែនេះជាសំបុត្រយន្តហោះសម្រាប់អ្វីវិញ?

-ជេស៊ីកាញញឹម ហើយឆ្លើយថា៖

-គឺជាសំបុត្រយន្តហោះ សម្រាប់ទៅលេងទីក្រុង Las Vegas! យើងបានទិញទុកឱ្យឯង ហើយយើងក៏មានមួយសំបុត្រដែរ។ គ្នានឹងនាំឯងទៅលេងទីក្រុង Las Vegas ដើម្បីទៅឆ្លងឆ្នាំនៅទីនោះ ក្រែងលោបានស្រឡះមុខមាត់ខ្លះ!

ឮដូច្នេះហើយ និរតីញញឹមដោយក្ដីរំភើប ព្រមទាំងគាំងរកពាក្យអ្វីតបទៅជេស៊ីកាវិញពុំបាន បានត្រឹមមើលនាងភ្លឹះៗ។

-ម៉េចដែរ? ម៉េចបានស្ងាត់បាត់សំឡេងអ៊ីចឹង?

-មកពីគ្នារំភើបពេក! មិននឹកស្មានថាសម្លាញ់របស់ខ្ញុំ យកចិត្តទុក ដាក់នឹងខ្ញុំដល់ម្ល៉ឹងសោះ!

-អូខេ! អូខេ! បិទការរំភើបត្រឹមនេះចុះ! តស់យើងទៅផ្សាររកទិញអីបន្តិច!

-អេ ឈប់សិន! គ្នាក៏មានកាដូឱ្យឯងដែរ...ចាំបន្តិចគ្នាទៅយកសិន!

-អីយ៉ា...អ៊ីចឹងក៏បាន!

បន្តិចក្រោយមក និរតីក៏យកកាដូពណ៌ទឹកប្រាក់ដែលវេចខ្ចប់យ៉ាងស្រស់ស្អាតឱ្យជេស៊ីកា។ មិនចាំយូរ ជេស៊ីកាស្រាយបូបើកមើលបណ្តើរ ថែមទាំងនិយាយបណ្ដើរថា៖

-អ្ហោ! ជាស្អីគេអ៊ីចេះ?

និរតីតប៖

-គ្រាន់តែដឹងថា នៅក្នុងនោះគ្មានប្រេងកូឡាប្រេងខ្យល់ទៅបានហើយ...

ជេស៊ីកាអស់សំណើច។ កំពុងតែអស់សំណើចសុខៗ ស្រាប់តែនាងចំហមាត់ដោយការភ្ញាក់ផ្អើល។ ឃើញដូច្នេះ និរតីក៏និយាយថា៖

-ម៉េចហើយ?

-អ៎...អរគុណសម្លាញ់! ស្រឡាញ់កាដូនេះណាស់ រំភើបដល់ហើយ... មែនទែនទៅគ្នាចង់បាននាឡិកានេះយូរហើយ...

-អីចឹងហ្អេស? អូខេ អ៊ីចឹងបិទការរំភើបត្រឹមនេះម្តងទៀត តស់យើងទៅផ្សារ Walmart!

ជេស៊ីកាតបទាំងអស់សំណើច៖

-អូខេ តស់យើងទៅ!

 
 
 

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
bottom of page