top of page

ចំណងឥតរូប - Unseen Bond


អ្វីដែលអ្នកកំពុងធ្វើឬសម្រេចចិត្ត អាចជាចំណងមើលមិនឃើញ!
អ្វីដែលអ្នកកំពុងធ្វើឬសម្រេចចិត្ត អាចជាចំណងមើលមិនឃើញ!

ពាក្យថាចំណងតែងតែមានខ្សែចងរឹត ចុះបើចំណងឥតរូបវិញ តើយកអ្វីមកចង? ចំណងមានរូប អាចចងអ្វីដែលយើងមើលឃើញ។ យើងអាចយកខ្សែទៅចងរបស់របរអ្វីមួយ ឬចងរូបកាយមនុស្ស ដូចជាចងដៃចងជើងជាដើម។ ដោយឡែក ចំណងឥតរូបវិញ វាអាចចងព្រលឹងរបស់យើង។ វាចងអារម្មណ៍ ចិត្ត និងគំនិតរបស់យើងបាន។


ចំណងឥតរូបនេះ ពេលខ្លះវាចងសម្លាប់មុខស្ទើរតែរកវិធីស្រាយពុំបាន។ ក្នុងករណីនេះ តម្រូវឱ្យយើងកាត់ខ្សែនោះចោលតែម្តង។ ចំណងនេះទៀតសោត តើវាចងយើងដោយរបៀបណា? ច្បាស់ណាស់ វាអាចចងយើងដោយខ្សែទំនុកចិត្ត ខ្សែជ្រើសរើស ខ្សែលោភលន់ ខ្សែខ្វះខាត និងខ្សែអវិជ្ជាជាដើម ដែលបង្ករឱ្យក្លាយជាទៅជាចំណង រួមមានដូចជា ចំណងស្នេហាក្លែងក្លាយ ចំណងបំណុល ឬចំណងអតីតកាល ។ល។


តួយ៉ាង ចំណងឥតរូបនេះអាចចងយើង ដោយខ្សែជ្រើសរើសឬសម្រេចចិត្តខុស។ ពេលខ្លះ វាចងយើងដោយខ្សែអវិជ្ជា និងភាពខ្វះខាត។ ជាក់ស្ដែង ការចាត់ចែងថវិកាមិនបានត្រឹមត្រូវ នោះក៏អាចធ្វើឱ្យយើងមានបំណុល ហើយបំណុលខ្លះ ជាបំណុលវ័ណ្ឌក។ បើជាបំណុលវ័ណ្ឌកហើយ ប្រាកដជាដកដង្ហើមមិនដល់គ្នា និងមានការតប់ប្រមល់ក្នុងចិត្តយ៉ាងខ្លាំង។ ចំណែកឯចំណងស្នេហាវិញ វាអាចចងយើងដោយខ្សែពាក្យសន្យា និងទំនុកចិត្ត។ ប៉ុន្តែក្រោយពីស្នេហាត្រូវបានបែកបាក់ នោះធ្វើឱ្យយើងឈឺចាប់ ដ្បិតខ្សែពាក្យសន្យា និងទំនុកចិត្តបានចងចិត្តឱ្យរស់នៅក្នុងភាពជូរចត់ សោកស្ដាយ ឬចិត្តស្រណោះស្រណោក។


អ្វីទាំងនេះ សុទ្ធតែកើតចេញពីការមើលមិនឃើញមុន តែវាអាចធ្វើឱ្យយើងមើលឃើញក្នុងពេលឥឡូវនេះបាន គឺនៅក្នុងស្ថានភាពដ៏លំបាក ដែលជាចំណងចងអារម្មណ៍ឱ្យតានតឹង ហើយវាចងរឹតព្រលឹងយ៉ាងជាប់មិនឱ្យយើងមានសេរីភាពក្នុងការធ្វើអ្វីមួយ។ ដូច្នេះ តើយើងស្រាយវាដោយរបៀបណា? បើចំណងខ្សែពួរ យើងអាចស្រាយដោយដៃ ចុះបើចំណងគំនិត ឬចំណងអារម្មណ៍វិញ តើស្រាយវាដោយសារអ្វី? ពិតណាស់ របៀបស្រាយនឹងបង្ហាញនៅក្នុងអត្ថបទបន្ទាប់ គឺ«ស្រាយចំណង»។

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
bottom of page